ជាច្រើនឆ្នាំមកនេះ ខ្ញុំបានអាន និងស្តាប់ឯកសារជាច្រើនជាភាសាអង់គ្លេស។ ហើយខ្ញុំពិតជាអរគុណខ្លួនឯងដែលចេះភាសាមួយនេះ គឺវាដូចជាបើកខួរក្បាលខ្លូនឯងដាក់ពិភពលោកទាំងមូលចូលបាន។ កាលពីជាង ០៥ឆ្នាំមុន ខ្ញុំគឺជាមនុស្សដែលជាកង្កែបក្នុងអណ្តូង ជាមនុស្សដែលមានទំលាប់អាក្រក់ជាច្រើនដែលទាញជីវិតរបស់ខ្ញុំអោយវង្វេងវង្វាន់ ជាមនុស្សដែលមិនច្បាស់ពីដំណើរទៅកាន់ជោគជ័យក្នុងជីវិតរឹតតែធ្វើខ្លួនឯងក្នុងសកម្មភាពអន់ដដែលៗពីមួយថ្ងៃទៅមួយថ្ងៃ ជាមនុស្សដែលដឹងថាគោលដៅជីវិតគឺពិតជាសំខាន់ប៉ុន្តែធ្វើសកម្មភាពតិចតួចបំផុតដើម្បីសម្រេចគោលដៅរបស់ខ្លួន ហើយក៏ជាមនុស្សដែលចង់ធ្វើនេះចង់ធ្វើនោះហើយរាល់ថ្ងៃធ្វើខ្លួនជាមនុស្សដែលភ្ញាក់ពីដេកក្រោយគេរួចចូលដេកមុនគេ។ល។
ថ្ងៃមួយខ្ញុំបានមើលវីដេអូអប់រំជាភាសាអង់គ្លេស ដែលអប់រំពីទំលាប់ជោគជ័យជាពិសេសគឺវិធីសាស្រ្តជួយខ្លួនឯងអោយក្លាយជាអ្នកមាន។ វីដេអូអប់រំនោះគឺជារបស់មនុស្សដ៏ជោគជ័យម្នាក់ ហើយគាត់មានប្រវត្តិជាអ្នកក្រ ដាច់យៃ និងពិបាករកការងារធ្វើជាទីបំផុត។ ឈ្មោះរបស់គាត់គឺ Brian Tracy។ ហើយបន្ទាប់មកទៀត ខ្ញុំរឹតតែចូលចិត្តហើយមើលវីដេអូអប់រំផ្សេងៗទៀតរបស់គាត់ រហូតតាមដាននិងអានអត្ថបទជាច្រើនដែលគាត់បានសរសេរក៏ដូចជាសៀវភៅរបស់គាត់ជាពិសេសគឺសៀវភៅដែលមានចំណងជើងថា No Excuse។
អ្វីដែលខ្ញុំបានដឹងយ៉ាងច្បាស់អំពីខ្លួន ឯងនៅក្នុងរយៈពេល ០២ឆ្នាំចុងក្រោយនេះគឺជីវិតរីករាយជាងមុន ជីវិតជោគជ័យជាងមុន ការងារដែលខ្លួនពេញចិត្តល្អប្រសើរជាងមុនគឺក្លាយជាមនុស្សនៅលំដាប់ឋានៈខ្ពស់នៅក្នុងក្រុមហ៊ុនពោលគឺជាប្រធានគ្រប់គ្រងសេវាកម្មមួយតែម្តង ជាងនេះទៅទៀតប្រាក់ចំណូលប្រចាំខែរបស់ខ្ញុំគឺគុណនឹង ០៣ដងនៃប្រាក់ខែដែលខ្ញុំធ្វើកាលពី ០២ឆ្នាំមុន។ មិនត្រឹមតែប៉ុណ្ណោះ គឺខ្ញុំមានកេរ្តិ៍ឈ្មោះក្នុងសង្គម ១០ដង ពោលគឺគ្រប់យ៉ាងក្នុងជីវិតស្វ័យគុណល្អប្រសើរឡើងទាំងអស់។ ហើយខ្ញុំជឿលើដំណើរជីវិតដែលកំពុងរីកចម្រើនទៅមុខមួយនេះយ៉ាងប្រាកដ។ ហើយថ្មីៗនេះ មានក្រុមហ៊ុនថ្មីៗដែលហានអូសទាញខ្ញុំដោយផ្តល់ប្រាក់ខែគុណស្ទើរតែ ០៣ដងពីលើប្រាក់ខែបច្ចុប្បន្នថែមទៀត។
ខ្ញុំរីករាយនឹងចែករំលែកគំនិតទាំង ១០ដែលខ្ញុំបានស្តាប់យល់នឹងអនុវត្តតាមលោកសេដ្ឋី Brian Tracy ស្តីពី វិធីសាស្រ្តជួយខ្លួនឯងអោយក្លាយជាអ្នកមាន សម្រាប់បងប្អូនខ្មែរយើងដែលមិនចេះ ឬចេះភាសាអង់គ្លេសនៅមានកម្រិត ឬក៏បងប្អូនដែលចេះភាសាអង់គ្លេសហើយប៉ុន្តែខ្វះបទពិសោធន៍ជីវិតដើម្បីស្តាប់អោយយល់បាន។
វិធីសាស្រ្តទាំង១០ គឺមានដូចខាងក្រោម៖
វិធីសាស្រ្តទី០១ គឺរៀនបង្កើតក្តីស្រមៃដែលធំៗ (ឧទាហរណ៍ ស្រមៃចង់បានលុយរាប់លានដុល្លារ ស្រមៃចង់បានផ្ទះធំៗ ស្រមៃចង់បានសុភមង្គលក្នុងគ្រួសារ ស្រមៃចង់មានពេលលំហែដើរលេងលើពិភពលោក ជាដើម) ហើយត្រូវតែហ៊ានស្រមៃ។ មនុស្សជោគជ័យ អ្នកមាន គឺគេហ៊ានស្រមៃបែបនេះ តាំងពីពេលដែលគេកំពុងអត់។
វិធីសាស្រ្តទី០២ គឺធ្វើអ្វីដែលយើងចូលចិត្តធ្វើ ពោលគឺយើងត្រូវធ្វើការងារដែលយើងចូលចិត្តធ្វើ។ ជាទូទៅ ដើម្បីរកអ្វីដែលយើងពីធម្មជាតិចូលចិត្ត នោះគឺព្យាយាមមើលសកម្មភាពដែលយើងចូលចិត្តធ្វើនៅរវាងអាយុ ០៧ឆ្នាំ ដល់អាយុ ១៤ឆ្នាំ។
វិធីសាស្រ្តទី០៣ នោះគឺធ្វើការប្តេជ្ញាធ្វើអ្វីគឺអោយល្អឥតខ្ចោះ។ មានន័យថា ត្រូវចេះព្យាយាមធ្វើអ្វីដែលត្រូវធ្វើអោយបានឥតខ្ចោះតាមដែលអាចធ្វើទៅបាន បើរៀនគឺរៀនអោយពូកែល្បី ហើយធ្វើការគឺស្ទើរតែរកកំហុសមិនឃើញ បើកិច្ចការងារផ្ទះគឺស្អាតជានិច្ច។ អ្នកអាចយកគំរូតាមក្រុមហ៊ុន ហ៊ុងដា Honda ឬម៉ូតូហ៊ុងដារបស់ជប៉ុនបាន គឺអ្នកស្វើរតែរកចំណុចដែលខ្វះខាតមិនឃើញ ឬឥតខ្ចោះតែម្តង។
វិធីសាស្រ្តទី០៤ នោះគឺបន្តអភិវឌ្ឍន៍ចំណុចពូកែរបស់យើង។ បើយើងពូកែលក់ គឺយើងត្រូវបន្តអភិវឌ្ឍជំនាញលក់ជានិច្ច បើយើងពូកែបង្រៀងគឺត្រូវព្យាយាមបន្តអភិវឌ្ឍសមត្ថភាពបង្រៀនជានិច្ច គឺរៀនរហូតយើងក្លាយជាសេដ្ឋីលើជំនាញដែលយើងកំពុងធ្វើ។ ត្រូវចាំហើយជឿថា ធ្វើជំនាញអ្វីក៏អាចក្លាយជាសេដ្ឋីបានដែរ។
វិធីសាស្រ្តទី០៥ នោះគឺហាត់មើលខ្លួនឯងទោះជាកំពុងធ្វើការអោយគេក៏ដោយគឺអោយដូចជាកំពុងធ្វើការអោយខ្លួនឯង ពោលគឺខិតខំធ្វើការមិនខ្លាចហត់នឿយអោយដូចជាអាជីវកម្មរបស់ខ្លួនឯង ខិតខំប្រើប្រាស់សមត្ថភាពរបស់ខ្លួនបង្កើនប្រាក់ចំណូលដោយដូចជាចង់ចំណេញសម្រាប់អាជីវកម្មរបស់ខ្លួន។ ហើយត្រូវដឹងអោយច្បាស់ថា មនុស្សបរាជ័យជាច្រើនគិតថាការធ្វើការក្នុងក្រុមហ៊ុនគេ គឺធ្វើការអោយគេ គឺខុសស្រឡះ មិនថារាល់គ្នាធ្វើការនៅក្នុងក្រុមហ៊ុនអ្នកណាក៏ដោយ គឺទាំងអស់ធ្វើការអោយខ្លួនឯង។
វិធីសាស្ត្រទី០៦ នោះគឺហាត់រៀនសម្រៃពីគោលដៅដែលខ្លួនត្រូវដើរដើម្បីទៅដល់គោលដៅជោគជ័យ ពោលគឺក្លាយជាទៅជាសេដ្ឋី។ ជារៀងរាល់ថ្ងៃត្រូវដាស់តឿនខ្លួនឯង ហើយសាកគិតមើលថាកំពុងធ្វើអោយខ្លួនឯងក្លាយទៅជាអ្នកមានដែរអត់នូវអ្វីដែលខ្លួនកំពុងធ្វើ ដូចជាការដែលក្រោកពីដេកក្រោយគេអាចជំរុញអោយយើងក្លាយជាអ្នកមានអត់ កាលដែរឧស្សាហ៍ទៅធ្វើការយឺម៉ោងអាចអោយយើងក្លាយជាអ្នកមានអត់។
វិធីសាស្រ្តទី០៧ នោះគឺព្យាយាមកុំគិតពីអ្វីដែលអាចបរាជ័យ។ ដើម្បីជោគជ័យ ដើម្បីក្លាយជាអ្នកមាន គឺត្រូវតែដឹងអោយច្បាស់ថា ការបរាជ័យគឺត្រូវឆ្លងកាត់រាប់ភ្លេចដងជាដាច់ខាតដើម្បីទៅដល់ភាពជោគជ័យ។ ហើយត្រូវតែរៀនពីចំណុចល្អពីក្នុងការបរាជ័យ នឹងត្រូវច្បាស់ថាអ្វីដែលយើងឃើញថាមិនល្អក្នុងមេរៀនបរាជ័យគឺឈប់ធ្វើជាដាច់ខាត។
វិធីសាស្រ្តទី០៨ នោះគឺធ្វើជីវិតជាអ្នករៀនអស់មួយជីវិត។ កុំគិតថាខ្លួនជាទឹកពេញដប ចំពោះអ្វីដែលខ្លួនកំពុងធ្វើ។ អ្នកមាន អ្នកជោគជ័យគឺគេដឹងថាគេល្ងង់ខ្លាំងណាស់ គឺរៀនរាល់ថ្ងៃដូចស៊ីបាយអញ្ចឹង។ ចេះយកលុយទៅរៀន ចូលរួមវគ្គបណ្តុះបណ្តាល ចូលរួមសិក្ខាសិលាស្តាប់បុគ្គលជោគជ័យ ចូលរួមសកម្មភាពសង្គមផ្សេងៗដើម្បីរៀនពីអ្នកជោគជ័យ។ ហើយត្រូវចាំមួយទៀតថា ការរីចម្រើននៅថ្ងៃនេះ គឺការវិនិយោគលើខ្លួនឯងកាលពីថ្ងៃមុន។ ហើយការរីចម្រើនក្លាយជាអ្នកជោគជ័យ ក្លាយជាអ្នកមាន នៅ ០៥ ទៅ០៧ឆ្នាំខាងមុខ ក៏ជាការវិនិយោគលើខ្លួនឯងយ៉ាងប្រុងប្រយ័ត្នជារៀងរាល់ថ្ងៃពីឥឡូវទៅដូចគ្នា។
វិធីសាស្រ្តទី០៩ នោះគឺធ្វើទំលាប់អោយញៀននឹងការងារ។ មនុស្សបរាជ័យជាច្រើនចង់ស្រួល ចង់មានពេលសម្រាក ចង់ធ្វើការតែ ៤០ម៉ោងក្នុងមួយអាទិត្យជាដើម។ គឺនោះជាគំនិតរបស់មនុស្សបរាជ័យ។ អ្នកមាន អ្នកជោគជ័យជាមធ្យមគេធ្វើការយ៉ាងតិច ៥៩ម៉ោងក្នុងមួយអាទិត្យទៅ ៨០ម៉ោងក៏មាន។ ធ្វើការ គឺគេធ្វើការ គឺធ្វើគ្រប់យ៉ាងគឺដើម្បីជំរុញអោយការងារគេរឹតតែជោគជ័យ និងបង្កើនប្រាក់ចំណូលអោយស្ថាប័ន។
វិធីសាស្រ្តទី១០ នោះគឺត្រូវធ្វើជីវិតអោយមានសុទ្ធតែមនុស្សល្អ មនុស្សពូកែៗនៅជុំវិញខ្លួន។ អ្នកមាន អ្នកជោគជ័យគឺគេរាប់អានអ្នកដែលល្អៗ ដែលអាចនាំជីវិតរបស់គេទៅរកភាពជោគជ័យ ទៅរកភាពជាអ្នកមាន ទៅរកសុខភាពល្អ ទៅរកការរបៀបរស់នៅក្នុងគ្រួសារមួយដ៏មានសុភមង្គល ជាដើម។ល។
ទាំងនេះ គឺឆ្លុះបញ្ចឹងពីការស្តាប់យល់ នឹងបានអនុវត្តគំនិតទាំងអស់ខាងលើដោយខ្លួនខ្ញុំផ្ទាល់តែប៉ុណ្ណោះ។
ប្រសិនបើឱកាសជជែកដោយផ្ទាល់តែម្តង ខ្ញុំរីករាយនឹងចែករំលែកអោយបានក្បោះក្បាយជាទីបំផុតទៅតាមការអនុវត្តជាក់ស្តែងរបស់ខ្លួន និងឆ្លុះបញ្ចាំងពីជីវិតបុគ្គលជោគជ័យផ្សេងទៀតនៅក្នុងសង្គមយើង៕

No comments:
Post a Comment