Wednesday, June 8, 2022

វិធីសាស្ត្រងាយៗធ្វើឲ្យអ្នករៀនពូកែ (ពិសេសសម្រាប់សិស្សវិទ្យាល័យ)


 ជាធម្មតាមនុស្សម្នាក់ៗអាចទទួលភាពជោគជ័យបាន លុះត្រាតែគេមានគម្រោងច្បាស់លាស់នូវអ្វីដែលគេកំពុងធ្វើ និងចេះបែងចែកពេលវេលាយ៉ាងមានប្រសិទ្ធភាពក្នុងការធ្វើកិច្ចការអ្វីមួយ ចំនែកឯការសិក្សារៀនសូត្រក៏មិនខុសគ្នានោះដែរ គឺអ្នកសិក្សាត្រូវចេះកំណត់គោលដៅ និងរៀបចំពេលវេលាសិក្សាឲ្យបានម៉ត់ចត់ទើបអាចទទួលបានលទ្ធផលល្អ។

តើអ្នកចង់ក្លាយទៅជាសិស្សពូកែដែរឬទេ? តើត្រូវធ្វើយ៉ាងណាដើម្បីឲ្យការសិក្សារបស់យើងមានភាពល្អប្រសើរជាងមុន?

ខាងក្រោមនេះជាចំណុចសំខាន់ៗមួយចំនួនដែលអាចជួយអ្នកឲ្យរៀនពូកែជាងមុនបាន៖

១. ពេលវេលាទន្ទេញមេរៀន

តាមការស្រាវជ្រាវបានឲ្យដឹងថា បើសិនជាយើងចង់មើលមេរៀនហើយ ឆាប់ចាំ និងចងចាំបានល្អ យើងគួរមើលនៅពេលព្រឹកទៀបភ្លឺ ព្រោះវាគឺជាពេលដែលខួរក្បាលរបស់យើងស្រឡះ អាចចាប់បាន ឬទទួលចំណេះដឹងបានលឿន និងចងចាំបានល្អជាងពេលដ៏ទៃទៀត។

២. រៀបចំកាលវិភាគរៀនឲ្យបានត្រឹមត្រូវ ហើយអនុវត្តតាមការកំណត់នោះ

បើមិនបានកំណត់ពេលឲ្យច្បាស់លាស់ យើងអាចនឹងចេះតែរៀននេះ រៀននោះដោយគ្មានពេលវេលាត្រឹមត្រូវ យើងមិនអាចទទួលបានផលល្អទេ។ ម្យ៉ាងវិញទៀត ការរៀបចំកាលវិភាគអាចជួយឲ្យអ្នកមានទម្លាប់ល្អក្នុងជីវិតប្រចាំថ្ងៃទៀតផង។ លើសពីនេះទៅទៀត អ្នកត្រូវប្តេជ្ញាចិត្តខ្លួនឯងថា ត្រូវតែអនុវត្តតាមកាលវិភាគនោះឲ្យបាន បើពុំនោះទេអ្វីៗក៏អសារបង់ដែរ។

៣. រៀនជាក្រុម

ប្រសិនបើយើងរៀនមិនសូវចេះ យើងអាចបង្កើតជាក្រុមដើម្បីឲ្យសិស្សដែលពូកែនៅក្នុងថ្នាក់ជួយបង្រៀនយើង ព្រោះការធ្វើបែបនេះអាចជួយឲ្យអ្នករៀនបានច្រើនជាងមុន។​ លើសពីនេះទៅទៀត យើងមានឱកាសសួរសំណួរយ៉ាងច្រើនទៅកាន់មិត្តភក្តិរបស់យើង ដោយហេតុថាពេលខ្លះយើងអាចនឹងមិនសូវហ៊ានសួរទៅកាន់លោកគ្រូរបស់យើង។ ជឿជាក់ថាការរៀនជាក្រុមបែបនេះជារឿយៗ អ្នកនឹងមានការអភិវឌ្ឍជាពុំខាន។

៤. រៀបចំគម្រោងទៅថ្ងៃអនាគត

សរសេរលើក្រដាស ឬគិតក្នុងចិត្តថានៅថ្ងៃអនាគតយើងចង់ធ្វើអ្វី នៅពេលនោះយើងនឹងព្យាយាមខិតខំរៀនសូត្រដើម្បីបានសម្រេចនូវគោលដៅរបស់ខ្លួននាពេលអនាគត​។ ម្យ៉ាងទៀត ការធ្វើបែបនេះធ្វើឲ្យយើងមានកំលាំងចិត្តកាន់តែខ្លាំងឡើង។

៥. កុំរៀនប្រសិនបើអ្នកនឿយហត់ខ្លាំង

មិនត្រូវបង្ខំពេកទេព្រោះខួរក្បាលរបស់យើងក៏ត្រូវការសម្រាកឲ្យបានគ្រប់គ្រាន់ដែរ។ ឧទាហរណ៍ ពេលយប់អស់កម្លាំងខ្លាំង យើងត្រូវតែគេង ព្រោះថាប្រសិនបើរៀនទៀតក៏មិនបានផលដែរ វាអាចរឹតតែធ្វើឲ្យយើងឈឺក្បាលទៀតផង។

៦. មករៀនឲ្យបានទៀងទាត់ពេលវេលា

ដូចយើងដឹងស្រាប់ហើយថាពេលវេលាមិនចាំយើងទេ ពេលយើងមិនបានទៅរៀនត្រឹមតែ១ថ្ងៃ ឬ១ម៉ោងក្តី មេរៀនក៏កន្លងផុត យើងក៏ខាតបង់នូវចំណេះដឹងត្រង់ចំណុចនោះ។ ផ្ទុយទៅវិញ បើយើងមករៀនឲ្យបានទៀងទាត់ពេលវេលា យើងនឹងស្តាប់បានគ្រប់ចំណុចដែលគ្រូពន្យល់ វាធ្វើឲ្យយើងមានទំនុកចិត្តនៅពេលប្រលង។

៧. រៀនខ្លួនឯងឲ្យបានច្រើន

ការធ្វើការស្វ័យសិក្សា អាចជួយឲ្យយើងឆាប់ចេះជាងការទៅតែសាលារៀន និងស្តាប់គ្រូពន្យល់។ យើងត្រូវព្យាយាមអានសៀវភៅ និងធ្វើលំហាត់ឲ្យបានច្រើន។ ពិតណាស់ ប្រសិនបើយើងគ្មានពេលរៀនខ្លួនឯងឲ្យបានច្រើនទេ យើងមិនអាចក្លាយទៅជាសិស្សពូកែបានឡើយ។

៨. កុំបង្ខំសម្រុករៀនតែពេលប្រឡង

ការសិក្សាមិនអាចបង្ខំបានទេ យើងមិនអាចបង្ខំរៀនតែមួយយប់ឲ្យចេះមេរៀនទាំងអស់បានឡើយ ដូច្នេះហើយយើងត្រូវរៀនតាំងតែពីដើមមក កុំចាំដល់ស្អែកឡើងប្រលងទើបប្រឹងរៀននៅក្នុងយប់នេះ។ វាធ្វើឲ្យយើងគេងមិនបានគ្រប់គ្រាន់ ធ្វើឲ្យខួរក្បាលមិនស្រឡះ និងគិតអ្វីមិនបានល្អ។

No comments:

Post a Comment

៦ យ៉ាង​ ​ពង្រឹង​ទំនាក់ទំនង​ដៃគូ​កាន់​តែ​ជិត​ស្និទ្ធ​ទ្វេគុណ

  មាន​រឿង​ខ្លះ​ដែល​យើង​គួរ​ធ្វើ​ជាមួយ​មនុស្ស​ជា​ទី​ស្រឡាញ់ ប្រសិនបើ​យើង​ចង់​បង្កើន​ក្ដី​ស្រឡាញ់​រឹងមាំ​ដែល​មាន​ចំពោះ​គ្នា​​ទៅវិញទៅមក។ សូមចុច...