មេដឹកនាំ គឺជាបុគ្គលម្នាក់មានបទពិសោធន៍ច្រើនឆ្នាំលើមុខជំនាញដែលគាត់បានធ្វើ ហើយក៏ជាបុគ្គលពូកែរៀបចំផែនការ លើកទឹកចិត្ត ដោះស្រាយបញ្ហា និងបែងចែកការងារឲ្យអ្នកនៅក្រោមបង្គាប់របស់គាត់ធ្វើបានដោយរលូន ដើម្បីសម្រេចនៅផែនការរួមនៅក្នុងក្រុមរបស់គាត់ផងដែរ។
អាជីវកម្មខ្លាំងពូកែ និងរីកចម្រើន ត្រូវអាស្រ័យលើបុគ្គលិកដែលមានជំនាញខ្ពស់ និងប្រឹងប្រែងធ្វើការ។ ប៉ុន្តែ បញ្ហាធំមួយរបស់បុគ្គលិកឆ្នើម គឺគេច្រើនតែជាមនុស្សដែលពិបាកគ្រប់គ្រង។ សហគ្រិនជើងចាស់មួយចំនួន បានចែករំលែកគន្លឹះប្រកបដោយប្រសិទ្ធភាពក្នុងការគ្រប់គ្រងឥរិយាបថបុគ្គលិកឆ្នើម៖
១. ផ្តល់ការគាំទ្រ
រកឱកាសនិយាយគ្នាទាក់ទងនឹងរបៀបធ្វើការ ដោយដំបូងត្រូវបង្ហាញបញ្ហាឥរិយាបថ និងឥទ្ធិពលនៃឥរិយាបថនោះលើពាណិជ្ជកម្ម។ ជំហានបន្ទាប់មកទៀតគឺត្រូវកំណត់ការរំពឹងទុករបស់ក្រុមហ៊ុន។ បន្ទាប់ប្រាប់ឱ្យច្បាស់ថាលោកអ្នកចង់ឱ្យគេធ្វើអ្វីខ្លះ ដោយការបង្ហាញជំនឿចិត្តរបស់លោកអ្នកចំពោះទេពកោសល្យនិងជំនាញរបស់គេ។ ប៉ុន្តែសូមកុំភ្លេចតាមដាននិងផ្ទៀងផ្ទាត់លទ្ធផលផង។ បើការត្រឹមតែប្រាប់នៅមិនទាន់គ្រប់គ្រាន់ទេ លោកអ្នកត្រូវផ្តល់ជំនួយផ្សេងទៀត។
២. ជីកឱ្យជ្រៅទៅក្នុងបញ្ហា
សួរឱ្យដឹងថាបុគ្គលិកមានអារម្មណ៍ដូចម្តេចចំពោះការងារ។ សំណួរបើកទូលាយដូចជា “តើអ្នកអាចកែប្រែរឿងមួយអំពីក្រុមហ៊ុននេះ តើវាគួរតែជារឿងអ្វី?” ឬសំណួរថា “បើអ្នកអាចរៀបចំរបៀបរបបធ្វើការរបស់អ្នកឡើងវិញ តើវាគួរតែមានរបៀបណា?” អាចបើកកកាយឱ្យឃើញបញ្ហាដែលបុគ្គលិកនោះកំពុងតែមាន ទោះជារឿងផ្ទាល់ខ្លួន រឿងទំនាក់ទំនងជាមួយក្រុមការងារ ឬរឿងទិសដៅជារួមរបស់ក្រុមហ៊ុនក៏ដោយ។ ទោះជាគេឆ្លើយតបរបៀបណាក៏ដោយ លោកអ្នកត្រូវបើកចិត្តទូលាយចាំស្តាប់ឱ្យបានគ្រប់ជ្រុងជ្រោយ។ ការយល់ច្បាស់អំពីបុគ្គលិកនឹងធ្វើឱ្យលោកអ្នកអាចកំណត់ជំហានបន្ទាប់ទៀតកាន់តែច្បាស់ដែរ។
៣. កុំមានលេស
ជាញឹកញាប់ពេកណាស់ដែលសហគ្រិនច្រើនតែបង្កើតលេសសម្រាប់បុគ្គលិកដែលពូកែធ្វើការ ប៉ុន្តែជាមនុស្សដែលជះឥទ្ធិពលអវិជ្ជមានលើមនុស្សជុំវិញខ្លួន។ លោកអ្នកត្រូវរកឱកាសនិយាយជាមួយគេក្នុងបំណងចង់យល់ដឹងពិតប្រាកដថាមានកត្តាអ្វីខ្លះនៅពីក្រោយឥរិយាបថឬចរិតខុសប្រក្រតី។ ប៉ុន្តែបើលោកអ្នកប្រើប្រាស់គ្រប់មធ្យោបាយដើម្បីជួយអស់ហើយនៅតែមិនអាចកែប្រែបាន គ្មានហេតុផលអ្វីដែលលោកអ្នកត្រូវរក្សាទុកបុគ្គលិកបែបនោះទេ។
៤. ពិចារណាប្រភព
កំណត់ឱ្យឃើញមូលហេតុចំពោះឥរិយាបថមិនល្អ។ ប្រហែលឥរិយាបថនោះជាការឆ្លើយតបទៅសកម្មភាពឬទង្វើមិនល្អណាមួយរបស់អ្នកគ្រប់គ្រង។ ក្នុងករណីជាច្រើន បុគ្គលិកប្រហែលមិនចង់ប្រឈមនឹងបញ្ហាដែលធ្វើឱ្យគេមិនសប្បាយចិត្តទេ ហើយបញ្ហាដែលមិនដោះស្រាយនេះក៏ក្លាយជាមូលហេតុនៃឥរិយាបថអវិជ្ជមានជាច្រើនទៀត។ ដូច្នេះហើយ រឿងសំខាន់គឺត្រូវរកឱកាសដើម្បីយល់ដឹងចន្លោះក្នុងប្រតិបត្តិការពាណិជ្ជកម្ម។ ការសន្ទនាក្នុងរបៀបក្រៅផ្លូវការខ្លះជួយអភិវឌ្ឍចំណុចខ្វះខាតដែលសហគ្រិនមើលរំលង។
៥. ផ្លាស់ប្តូរឱ្យទាន់ពេល
ក្រោយពីដោះស្រាយមូលហេតុគ្រប់អស់ហើយនៅតែមិនបាត់ឥរិយាបថអវិជ្ជមាននោះ លោកអ្នកមិនត្រូវស្តាយស្រណោះចំពោះផលិតភាពរបស់បុគ្គលិកនោះទេ។ ផលិតភាពដែលបានមកពីឥរិយាបថមិនល្អមិនប្រសើរជាងការគ្មានផលិតភាពទេ។ ឥរិយាបថអវិជ្ជមានជះឥទ្ធិលយូរអង្វែងនិងនាំឱ្យខាតបង់ច្រើននៅពេលទៅមុខ។

No comments:
Post a Comment